News

Join Statement News & Events

សេចក្តីថ្លែងការណ៍រួម

ស្តីពី

ស្ថានភាពសេរីភាព យុត្តិធម៌ និងអនុសាសន៍សម្រាប់កែលម្អ

ក្នុងឱកាសទិវាសិទ្ធិមនុស្សនា ថ្ងៃទី១0 ខែធ្នូ ឆ្នាំ២០២៣

ប្រជាពលរដ្ឋកម្ពុជាចាប់ផ្តើមឮពាក្យសិទ្ធិមនុស្សវិញ បន្ទាប់ពីបានបញ្ចប់សង្រ្គាមស៊ីវិលអស់ជាច្រើនទសវត្សរ៍ និងបន្ទាប់ពីទទួលបាននូវកិច្ចអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ដែលបានមកជួយរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តាមរយៈការប្រសូតនូវរដ្ឋធម្មនុញ្ញថ្មីមួយនាឆ្នាំ១៩៩៣។
ប៉ុន្តែគួរឱ្យសោកស្តាយ ប៉ុន្មានអាណត្តិនៃរដ្ឋាភិបាលចុងក្រោយនេះ យើងខ្ញុំជាសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល មានការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស ពិសេសទាក់ទងនឹងសេរីភាពជាមូលដ្ឋាន និងសិទ្ធិទទួលបានយុត្តិធម៌នៅកម្ពុជា។ មាត្រា៣៥ រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពី      អង្គការរដ្ឋ។»  អ្នកអនុវត្តសិទ្ធិនយោយ និងការចូលរួមក្នុងកិច្ចការសង្គមមួយចំនួន ពិសេសពាក់ព័ន្ធការពារសិទ្ធិមនុស្ស បរិស្ថាន ការចូលក្នុងសមាគម ការបញ្ចេញមតិ និងដំណើរប្រព្រិត្តិទៅនៃការអនុវត្តសិទ្ធិ-            សារព័ត៌មាន មិនទាន់បានទូលាយ និងត្រូវបានទទួលទោសទណ្ឌតាមផ្លូវតុលាការ និងជាប់ពន្ធនាគារ ដែលបញ្ហានេះមិនបានលើកកម្ពស់ឱ្យពលរដ្ឋអាចចូលរួមក្នុងកិច្ចការសាធរណៈបានដោយសេរី ដូចដែលធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ពិសេសគឺរដ្ឋធម្មនុញ្ញដើម ឆ្នាំ១៩៩៣ នោះទេ ៖
១. យើងខ្ញុំឃើញថា រាជរដ្ឋាភិបាលកំពុងកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដូចជាផែនការពង្រឹងវិន័យរបស់មន្ត្រីតុលាការ និងការបង្កើតឱ្យមានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ទទ្ទឹមនឹងកិច្ចខំប្រឹងប្រែងនេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជានៅមានការប្រឈមច្រើននៅទ្បើយ ពិសេសពាក់ព័ន្ធសេវាយុត្តិធម៌សាធារណៈពាក់ព័ន្ធនឹងអ្នកនយោបាយ អ្នកពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងរឿងក្តីរវាងអ្នកមានអំណាចសេដ្ឋកិច្ច និងពលរដ្ឋក្រីក្រ ឬសហគមន៍នានា ដូចជារឿងក្តីសហគមន៍ទ្បរពាង សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ ករណីទំនាស់ដីធ្លីនៅបឹងតាមោក ការផ្លាស់ទីរបស់ពលរដ្ឋក្នុងតំបន់អង្គរទៅតំបន់រុនតាឯក សហគមន៍ប្រលានយន្តហោះអន្តរជាតិថ្មីនៅភ្នំពេញ និងករណីទំនាស់ការងាររបស់ក្រុមហ៊ុន Naga World ។ល។  យើង ខ្ញុំអង្កេតឃើញថា ពលរដ្ឋគ្មានព្រាបលើការរកយុត្តិធម៌ និងការចរចាអំពីសំណងជាដើម បើប្រៀបធៀបជាមួយអ្នកមានអំណាច និងមានលុយកាក់។ រដ្ឋមានផែនការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ប៉ុន្តែមន្ត្រីតុលាការ ដូចជា ចៅក្រមភាគច្រើនមានតួនាទីទាក់ទងនឹងនយោបាយ។ ការអនុវត្តបែបនេះ បំពានច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា មាត្រា ៥០ ដែលបានចែងថា «ចៅក្រមត្រូវមានភារកិច្ចទទួលខុសត្រូវចំពោះកិច្ចការដែលបានប្រគល់ឱ្យ និងត្រូវគោរពឱ្យបានម៉ឺងមាត់នូវក្រមសីលធម៌របស់ខ្លួន។ ក្នុងជីវភាពរស់នៅផ្ទាល់ខ្លួន ចៅក្រមមិនត្រូវប្រព្រឹត្តអំពើណាមួយដែលនាំឱ្យអាប់ឱនដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងដល់កិត្យានុភាពនៃអង្គចៅក្រមទ្បើយ។ ក្នុងវិស័យនយោបាយ ចៅក្រមត្រូវប្រកាន់ដាច់ខាតនូវឥរិយាបទអព្យាក្រឹត។ បន្ថែលើនេះទៀត ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៧ ដែលបានចែងថា «មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយដូចខាងក្រោម៖ 
ក) ធ្វើការដើម្បីផលប្រយោជន៍ដល់បេក្ខជននយោបាយ ឬប្រឆាំងនឹងបេក្ខជននយោបាយណាមួយ។ 
ខ) ធ្វើការដើម្បីផលប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ។...»

២. ចំពោះតុលាការ យើងខ្ញុំសង្កេតឃើញថា ស្ទើរតែគ្រប់ករណីជនជាប់ចោទក្រោមមូលហេតុ                នយោបាយតែងតែរងនូវការរឹតត្បិត ជាងជនជាប់ចោទធម្មតា ហើយជួនកាលត្រូវបញ្ជូនទៅឃុំនៅពន្ធនាគារឆ្ងាយពីលំនៅឋាន និងសាច់ញាតិរបស់ខ្លួន។ នេះបានធ្វើឱ្យមន្ត្រីតុលាការពាក់ព័ន្ធរអិលធ្លាក់ទៅក្នុងបរិយាកាស ឬស្ថានភាពនៃការរើសអើងនយោបាយផងដែរ។
៣. សិទ្ធិសេរីភាពជាមូលដ្ឋានក៏បានរងផលប៉ះពាល់ដែរ។ ការចោទប្រកាន់អំពីបទល្មើសញុះញង់ និងបរិហាកេរ្តិ៍សាធារណៈបណ្តាលឱ្យពលរដ្ឋមានការភ័យខ្លាច មិនហ៊ាននិយាយ មិនហ៊ានបញ្ចេញមតិ ដែលជាហេតុបណ្តាលឱ្យពួកគាត់បាត់បង់សិទ្ធិចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់  គាត់។ ចំពោះការបាញ់សម្លាប់ ការលបវាយប្រហារទៅលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយ យើងសង្កេតឃើញថា អាជ្ញាធរមិនដែលវែកមុខឃើញជនល្មើសដើម្បីយកមកទទួលខុសត្រូវ និងដាក់ទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងសាច់ញាតិនៃជនរងគ្រោះ ដែលជាហេតុនាំឱ្យនិទណ្ឌភាពនៅតែបន្តកើតមាន។
ដើម្បីកែលម្អបរិយាកាស និងស្ថានភាពនយោបាយសព្វថ្ងៃនេះ ក្នុងឱកាសខួបទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ (១៩៤៨ - ២០២៣) នេះ យើងខ្ញុំជាសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហជីព  ស្នើឱ្យមានការកែទម្រង់ និងកែលម្អដូចទៅនេះ ៖
១. ស្នើស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់គណបក្សនយោបាយ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរៈភូមិន្ទ   និងច្បាប់ ស្តីការបោះឆ្នោត ដើម្បីធានាថា មន្ត្រីតុលាការ និងមន្រ្តីរាជការ យោធា នគរបាល មិនប្រកាន់និន្នាការនយោបាយ និងស្ថិតក្នុ្ងងភាពអព្យាក្រឹត។ មន្រ្តីតុលាការ និងសមាជិកមន្ត្រីយោធា នគរបាល មិនត្រូវទទួលបានការតែងតាំងធ្វើជាមន្ត្រីនៃគណបក្សនយោបាយណាមួយឡើយ រួមទាំងការតែងតាំងក្នុងមុខដំណែង ឬផ្តល់សិទ្ធិអំណាចចាត់ចែងការងារនៅគ្រប់រចនាសម្ព័ន្ធ     គណបក្សនយោបាយណាមួយ។ ពួកគេមិនត្រូវអនុវត្តសកម្មភាពដែលគាំទ្រគណបក្សនយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយមួយផ្សេងទៀតឡើយ។
២. ស្នើឱ្យពន្ធនាគារបន្ថែមការថែទាំ និងគិតគូរដល់សុខុមាលភាពបុគ្គលគ្រប់រូបដែលជាប់ក្នុងមណ្ឌលកែប្រែ (ពន្ធនាគារ)។
៣. ស្នើឱ្យរដ្ឋសភាពិនិត្យនិយមន័យនៃបទល្មើសញុះញង់ និងកំណត់ចំនួនអតិបរិមាសំណងជំងឺចិត្តនៃបទល្មើសបរិហារកេរ្តិ៍ត្រឹមតែ ១០០៛ (មួយរយរៀល) ស្រដៀងគ្នានឹងការអនុវត្តច្បាប់នៅបណ្តាប្រទេសកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ឧទាហរណ៍ នៅប្រទេសបារាំង សំណងជំងឺចិត្តនៃបទល្មើសបរិហារកេរ្តិ៍ត្រឹមតែ ១យូរ៉ូ។
៤. ស្នើសុំឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌ និងទូទាត់សំណងឱ្យសមរម្យ តាមច្បាប់អស្សាមិករណ៍ និងយន្តការអន្តរជាតិដែលកម្ពុជាបានចុះសច្ចាប័ន និងព្រមព្រៀង និងធានាសេចក្តីត្រូវការជាមូលដ្ឋាន សិទ្ធិលំនៅដ្ឋាន និងរក្សាសេចក្តីសុខរបស់ពួកគាត់ឱ្យបានប្រហាក់ប្រហែលនូវអ្វីដែលពួកគាត់ធ្លាប់មាន ពិសេសនៅពេលដែលរដ្ឋាភិបាលតម្រូវឱ្យមានការផ្លាស់ទីលំនៅ ព្រោះពួកគាត់បាត់ច្រើនណាស់ហើយ ដូចជាផ្លូវចិត្តទាក់ទងនឹងស្រុកកំណើត និងកត្តាសង្គម ឬវប្បធម៌ ដែលមិនអាចគណនាជាប្រាក់បាន ដូចជាពលរដ្ឋនៅតំបន់រុនតាឯក ខេត្តសៀមរាប ជាដើម មិនត្រូវបន្សល់ទុកនូវភាពវេទនា និងការឈឺចាប់ដល់ពួកគេ ដោយគ្មានដំណោះស្រាយសមរម្យទ្បើយ។ ជាការបន្ថែម ធានាថា មិនមានការផាត់ចោលប្រជាជនក្រីក្រពីការអភិវឌ្ឍ ដូចជាការអភិវឌ្ឍដោយយកទីតាំងប្រជាពលរដ្ឋធ្លាប់រស់នៅទៅឱ្យអ្នកផ្សេងដែលជាអ្នកមានលុយ និងបង្ខំឱ្យពួកគាត់ចាកចេញទៅនៅកន្លែងផ្សេងៗ និងការធ្វើអនុបយោគមិនស្របតាមនិតិវិធីត្រឹមត្រូវ ពោលគឺខ្វះការពិគ្រោះយោបល់ និងឯកភាពពីសហគមន៍           បណ្តាលឱ្យអ្នកមានអំណាច ឬ មានលុយ ដែលឃុបឃិតជាមួយអាជ្ញាធរពុករលួយមួយចំនួន យកដីសហគមន៍ដែលមានច្បាប់ត្រឹមត្រូវទៅឱ្យជនផ្សេងទៀត ឬ ក្នុងរបៀបក្លែងបន្លំទៅជាផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកដីសាធារណៈទៅលក់ដូរដោយអយុត្តិធម៌។ 

៥. ស្នើស្ថាប័នធ្វើច្បាប់ និងរដ្ឋាភិបាលបើកទូលាយសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន។ ដើម្បីសម្រេចគោលបំណងនេះ ស្ថាប័នពាក់ព័ន្ធត្រូវសើរើពិនិត្យច្បាប់ទាក់ទងនឹងសារព័ត៌មាន និងជំរុញការអនុម័តច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ដោយបើកចំហឱ្យមានការចូលរួមផ្តល់យោបល់ពីសាធារណជនឱ្យបានទូលំទូលាយ ដោយគ្មានឧបសគ្គ និងត្រូវបានការពារដោយ     ច្បាប់។ 
៦. ទាក់ទិននឹងសិទ្ធិនិងសេរីភាពជាមូលដ្ឋាន ដើម្បីលើកកម្ពស់សិទ្ធិ និងសេរីភាពបង្កើតសមាគម (the Rights to Freedom of Association) ឱ្យស្របតាមច្បាប់អន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន យើងខ្ញុំស្នើពន្លឿនការកែទម្រង់ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានលឿនស្របតាមសំណើរបស់អង្គការសង្គមស៊ីវិលដែលបានស្នើរួចមកហើយ និងធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពផងដែរ យ៉ាងយូរត្រឹមចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឱ្យស្ថាប័នទាំងនេះអនុវត្តសកម្មភាពស្របច្បាប់តាម              រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គ្រឹះស្ថានប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរ ស្របតាមគោលការណ៍ប្រជាធិបតេយ្យជាសកល។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ ៖
1.	សម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
2.	សហភាពការងារកម្ពុជា (CLC)
3.	សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
4.	សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
5.	សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សេវាកម្មកម្ពុជា (CTSWF)
6.	សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)
7.	សហព័ន្ធសហជីពកម្មករនិយោជិតវិស័យដឹកជញ្ជូនកម្ពុជា(CTWF)
8.	សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF)
9.	អង្គការសមធម៌កម្ពុជា (EC)
10.	សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
11.	សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
12.	សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជា (CTDA)
13.	សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
14.	មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) 
15.	សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
16.	មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
17.	សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU)
18.	គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
19.	សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
20.	មជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
21.	អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
22.	អង្គការមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
23.	សមាគមបណ្តាញយុវជនកម្ពុជា (CYN)
24.	អង្គការសមាគមធាងត្នោត (STT)
25.	អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
26.	សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
27.	អង្គការស្ពានសន្តិភាព (PBO)
28.	សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
29.	សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ (CTWUF)
30.	 អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
31.	មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
32.	សហព័ន្ធសហជីពឯករាជ្យ (INTUFE)
33.	សម្ព័ន្ធជំរឿនខ្មែរ និងការពារសិទ្ធិមនុស្ស (LICADHO)
34.	សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
35.	អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)
36.	សហព័ន្ធសហជីពវិស័យទេសចរណ៍ (CTSWF)
37.	 អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)
38.	សហព័ន្ធសហជីពកម្ពុជា CATU
39.	សហព័ន្ធសហជីពសេរីឯករាជ្យ FUFI

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.