Press Release

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលយុទ្ធនាការហ្វរអរកម្ពុជា ក្រោមប្រធានបទ “ ការប្រើប្រាស់ប្លាស្ទិកចាស់ៗឡើងវិញ ”

By YRDP

June 12, 2021

             ​             ​ កាលពី​​ថ្ងៃទី០៦ ខែមិថុនា  ឆ្នាំ២០២១ យុវជនប្រមាណ​១០០នាក់ ភាគ​​​ច្រើន​​​​ជា​​​និស្សិត​មកពីបណ្តាសាកល​វិទ្យា​ល័យ​​​ និងគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងរាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ បាន​ចូល​រួម​​យុទ្ធ​នា​ការ​យុទ្ធ​នា​ការ “ហ្វ័រ អ“ មានរយៈពេល២០ថ្ងៃ និងសិក្ខាសាលាតាម​រយៈ​កម្មវិធី​Zoom ​ក្រោម​ប្រធាន​​បទ​ស្ដីពី “​ការ​ប្រើ​ប្រាស់​​​ប្លា​ស្ទិកចាស់ៗឡើងវិញ“​។​ 

ជាការកត់សម្គាល់ កិច្ច​ពិភាក្សាបាន​​​ផ្តោត​​លើការ​គ្រប់​គ្រង​​ការ​​នាំ​​ចូល​ប្លាស្ទិក យុទ្ធសាស្រ្ត​ គោល​នយោបាយគ្រប់គ្រង​​ និង​វិធី​សាស្រ្ត​នៅ​ក្នុង​ការ​ការ​ពារ​​បរិស្ថាន​ ក៏​ដូច​​ជា​ការ​ទុក​ដាក់​និង​គ្រប់​គ្រង​សំរាម​​​​​ប្លាស្ទិក​ទៅ​ដល់​រដ្ឋបាល​ថ្នាក់​ជាតិ​ និងថ្នាក់ក្រោមជាតិ​ដូចជា​មន្ទីរ​​​បរិស្ថាន​ អាជ្ញា​ធរ​មូលដ្ឋាន​នៅ​តំបន់​របស់​​ខ្លួន​ជាដើម។ រី​ឯ​ការលើកឡើងដែល​ពាក់ព័ន្ធ​និង​អង្គការសង្គមស៊ីវិល​ និង​ម្ចាស់​​​អាជី​វកម្ម​ភាគ​ច្រើន​ផ្តោត​​ទៅ​​លើ​​​បទ​​ពិសោធន៍​នៃ​យន្ត​ការ​អនុវត្តល្អ​​ក្នុង​ការ​​កាត់​បន្ថយ​ប្រើប្រាស់​ប្លាស្ទិក ​បញ្ហា​​ប្រឈម ការ​សម្រេច​បាន ការ​លើក​​ទឹក​ចិត្ត​​ និងជម្រុញ​​​ឲ្យពលរដ្ឋ​​ និង​អាជីវកម្ម​ដទៃទៀត​​​ឈប់​ ឬ​កាត់​បន្ថ​យ​ការ​ប្រើ​ប្រាស់​​ប្លាស្ទិក។​

របាយ​ការណ៍របស់ក្រសួងបរិស្ថានចេញផ្សាយឆ្នាំ​​២០១៨ និង២០១៩ បានបង្ហាញថា​ការចោល​សំណល់​​រឹង​​​នៅទីលាន​ចាក់​សំរាម មានការកើនឡើង៥ដង ចាប់ពី៣១៨,០០០តោននៅឆ្នាំ២០០៤ ដល់​១.៧លាន​តោន​ក្នុង​មួយ​ឆ្នាំ​​នៅ​ឆ្នាំ២០១៨។ រីឯទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជា នឹង​មិន​អាច​បន្ត​​ផ្ទុក​សំណល់រឹងបានទេ ប្រសិន​​​ជា​សំណល់​​រឹង​បន្ត​កើន​ឡើងក្នុងល្បឿន​ដូចសព្វថ្ងៃ ជាពិសេស​នៅ​ទី​ក្រុង​ធំៗ​​​​មួយ​ចំនួន​ដូច​ជា​ក្រុង​ភ្នំ​ពេញ​​​​​ដែល​ផលិត​សំរាមជា​មធ្យម ២,២១៦តោនជារៀងរាល់ថ្ងៃ។ សំរាម​​​ក្នុងទី​ក្រុង​​ត្រូវ​បានរក​ឃើញ​ថាមាន​ផ្ទុកប្លាស្ទិក (២១%)  សំណល់សេរីរាង្គ (៥៥%) និងសំណល់ផ្សេងៗ។ បើ​យោង​​​តាមមូលនិធិ ACRA Foundation បានឲ្យ​ដឹងថា​មានថង់​ប្លាស្ទិក​​​​ប្រហែល១០លាន​ថង់​ត្រូវ​បាន​​ប្រើ​​ប្រាស់​​​​នៅ​​ក្នុងរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ហើយប្រជាជនដែលរស់​​នៅ​​ទីក្រុង​ប្រើ​ប្រាស់​​​ថង់​ប្លាស្ទិក​ជាង ២,០០០ថង់ជារៀងរាល់ឆ្នាំ។ ក្នុង​​ឆ្នាំ​២០១៧រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ​មួយស្ដីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុង​គោល​បំណង​​បង្កើន​ប្រសិទ្ធភាព កាត់បន្ថយការនាំចូល ការផលិត ចែកចាយ និងប្រើប្រាស់​ថង់ប្លាស្ទិក ដើម្បី​ធានា​នូវ​កិច្ច​គាំ​ពារ​សុខ​ភាពសាធារណៈ បរិស្ថាន និងសោភណ័ភាពទីក្រុង។ អនុក្រឹត្យ​ដដែល​នេះ​ក៏​បាន​​​ចែងពីការ​​កំណត់តួនាទី និង​ពង្រឹង​ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នជំនាញ  លើការនាំចូល ការផលិត ការចែកចាយ និង​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក និង​ការ​កែ​ច្នៃ​សំណល់ប្លាស្ទិក  អប់រំនិងលើកកម្ពស់ការយល់​ដឹង​ជា​សាធារណៈ និង​ការ​ចូល​រួម​របស់​​ប្រជា​ពល​រដ្ឋ​ក្នុង​​ការ​អនុវត្ត​កម្មវិធី​កាត់បន្ថយការ​ប្រើប្រាស់ថង់​ប្លាស្ទិក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ​​អនុ​​ក្រឹត្យ​​នេះក៏មានចែង​ពីទោសបញ្ញតិ​ដែលអាចមាន​ជា​ការព្រមាន​ជា​លាយ​ល័ក្ខ​អក្សរ ការ​​ដក​​ហូត​ថង់​ប្លា​ស្ទិក​​ដែល​ល្មើស​ច្បាប់ ការផ្អាកអាជីវកម្ម​ឬសកម្មភាពផលិតជាបណ្ដោះអាសន្ន  ការផ្អាក​ឬ​​ដក​ហូត​ការ​អនុញ្ញាត​ក្នុង​ការ​នាំ​ចូលឬការផលិតថង់ប្លាស្ទិកក្នុងស្រុក និង​ការ​ពិន័យ​ជា​អន្តរ​ការណ៏​ជា​ដើម។

សិក្ខា​​សាលា​បាន​​ស្នើសុំ​ទៅ​ក្រសួងដែល​ពាក់ព័ន្ធ​  ម្ចាស់​អាជីវកម្ម និងពលរដ្ឋ​​ ឲ្យ​ជម្រុញ​ ​​និង​លើក​ទឹក​ចិត្ត​ក្នុង​​ការចូលរួម​អនុវត្ត​​ក្រប​ខ័ណ្ឌ​ច្បាប់ និង​គោល​នយោ​បាយ​​គ្រប់​​គ្រង​ប្លាស្ទិក​ដូច​មាន​​ភ្ជាប់​ជូនដូច​ខាង​​ក្រោម​៖​

១. បន្ត​ និង​ពង្រឹង​យន្តការទប់ស្កាត់ ការរិតត្បិតការនាំចូលប្លាស្ទិក តម្លើងពន្ធ ជាពិសេស​​​ផលិត​​ផលពី​ប្លាស្ទិក​​​ដែល​ប្រើប្រាស់បាន​តែ​ម្តង​ហើយ​បោះ​ចោល​​​

២. បន្ត និងបង្កើន​ការ​លើកទឹកចិត្តដល់​ម្ចាស់អាជីវកម្ម​នានាដែល​បាន​អនុវត្ត​គោលការណ៍​ហ្វរអរ​ដើម្បី​​កាត់​​បន្ថយ​​ការ​ប្រើ​​ប្រាស់​ប្លាស្ទិក​ តាមរយៈ​ការបន្ធូរបន្ថយ​ពន្ធ​ជាដើម​

៣. បង្កើនការ​លើកទឹកចិត្ត និងជម្រុញ​​ចំពោះ​ម្ចាស់អាជីវកម្ម​ សិប្បកម្ម​​​​កែ​ច្នៃ​សំណល់​ប្លាស្ទិក ឬ​ប្រើ​ប្រាស់ឡើងវិញ ដែល​​ទាំងនេះក៏ជាដំណោះស្រាយចាំបាច់​​ និង​បន្ទាន់​មួយ​ផងដែរ

៤. បង្កើន​​ការផ្សព្វផ្សាយយ៉ាងតិច​២ដងក្នុង​១ខែ ពី​ផលប៉ះពាល់​នៃ​ការប្រើ​ប្រាស់​ប្លាស្ទិក​នៅ​តាម​ទីផ្សារ​​មិន​ទាន់​រៀបរយ ដូចជាទីផ្សារបន្លែជាដើម និង​ជម្រុញ​ឲ្យ​មានការកាត់បន្ថយ​នៃ​ការប្រើប្រាស់​។

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១