Join Statement

សេចក្តីថ្លែងការណ៍ស្តីពីស្នើលុបចោលការកំណត់ឱ្យបេក្ខជនប្រឡងក្របខ័ណ្ឌ មន្ត្រីរាជការត្រូវ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ឱ្យបានពីរដូសជាមុន

By YRDP

May 13, 2021

រាជធានីភ្នំពេញ,ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១

សមាគម សហជីព អង្គការសង្គមស៊ីវិល មានកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ លេខ១៧៨៣ មស.សជណ បានតម្រូវឱ្យបេក្ខជនដែលបានដាក់ពាក្យស្នើសុំសិទ្ធិប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល ត្រូវចាក់វ៉ាក់សាំងចំនួនពីរដងរួចរាល់ជាមុនសិន។ ចំពោះបេក្ខជនណាដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬគ្មានលិខិតបញ្ជាក់ពីករណីដែលពុំអាចចាក់វ៉ាក់សាំងបានពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត នឹងពុំអនុញ្ញាតឱ្យបេក្ខជនរូបនោះចូលរួមប្រឡងឡើយ។

សេចក្តីកំហិតនេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជាមិនទាន់មានលទ្ធភាពផ្តល់នូវ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមផែនការកំណត់នៅឡើយ។ គិតត្រឹមថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១នេះ ប្រទេសកម្ពុជាទើបទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤,០២៤,០០០ដូស ហើយបានចាក់ជូនប្រជាពលរដ្ឋ ចំនួន ១,៨៩៩,៩៨៨នាក់[1] តាមគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងចំណោមប្រជាពលរដ្ឋដែលទទួលបានវ៉ាក់សាំងទាំងអស់ មានប្រជាពលរដ្ឋប្រមាណត្រឹមតែ ១,១១៧,២៨០នាក់បានចាក់វ៉ាក់សាំងចំនួន០២ដូសរួចរាល់  ក្នុងចំណោមអ្នកបានទទួលចាក់វ៉ាក់សាំងចំនួន នៃប្រជាពលរដ្ឋកម្ពុជាសរុបប្រមាណ ១៥,២៨៨,៤៨៩ នាក់[2]។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង១៣.៣លាននាក់ផ្សេងទៀតពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅឡើយទេ។ តាមផែនការរបស់រាជរដ្ឋាភិបាលអំពីដំណើរនៃការផ្តល់ជូនវ៉ាក់សាំងដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់អាទិភាពខ្ពស់ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម និងលឿងទុំនៃភូមិសាស្ត្របិទខ្ទប់ និងតំបន់មានហានិភ័យខ្ពស់ផ្សេងទៀតតាមគោលការណ៍ស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ការណ៍នេះមានន័យថា ប្រជាពលរដ្ឋដែលមិនកំពុងរស់នៅក្នុងតំបន់អាទិភាពខ្ពស់ នឹងជួបការលំបាកក្នុងការទទួលបានការចាក់វ៉ាក់សាំងតាមការកំហិតរបស់ក្រសួងខាងលើ។

យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើរបស់ក្រសួងមុខងារសាធារណៈនេះ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងដំណើការជ្រើសរើសធនធានមនុស្សឱ្យបានចូលរួមប្រកួតប្រជែងប្រកបដោយសេរីភាព តម្លាភាព សមភាព គណនេយ្យភាព យុត្តិធម៌ និងផ្ទុយពីរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានចែងពីភាពស្មើគ្នាចំពោះមុខច្បាប់ត្រង់មាត្រា ៣១ និងមាត្រា ៣៦ ត្រង់កឋាខ័ណ្ឌទីមួយដែលបានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ សម្រាប់ការជ្រើសរើសមុខរបរស្របតាមសមត្ថភាពខ្លួន។

ការកំហិតដូចមានចែងក្នុងលិខិតជូនដំណឹងនេះ​ បង្កជាការលំបាកដល់បេក្ខជន អាចធ្វើឱ្យការប្រកួតប្រជែងពុំមានតម្លាភាព ប្រសិទ្ធិភាព យុត្តិធម៌ និងបង្កើតឱ្យមានវិប្បដិសារី ដោយសារបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ តែពុំបានចាក់វ៉ាក់សាំងតាមចំនួនកំណត់ក៏ត្រូវបានបាត់សិទ្ធិក្នុងការចូលរួមប្រឡង។ ហេតុនេះ នឹងធ្វើឱ្យយុវជនមានសមត្ថភាពបាត់បង់ឱកាសចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាមន្ត្រីរាជការបំពេញកិច្ចការសាធារណៈ ជាមួយគ្នានេះស្ថាប័នរដ្ឋក៏បាត់បង់ឱកាសក្នុងការទទួលបានធនធានមនុស្សប្រកដោយគុណភាពសម្រាប់ចូលរួមពង្រឹងសេវាសាធារណៈ និងអភិវឌ្ឍន៍សង្គមជាតិ។

យើងទាំងអស់គ្នាដែលជាសមាគម សហជីព អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលមានរាយនាមដូចខាងក្រោម ស្នើសុំឱ្យរាជរដ្ឋាភិបាលលុបចោលនូវលក្ខខណ្ឌកំណត់ឱ្យបេក្ខជនប្រឡងចូលក្របខ័ណ្ឌ  មន្ត្រីរាជការ ត្រូវចាក់វ៉ាកសាំងឱ្យបានពីរដូសជាមុនសិននេះ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖

–  លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា   ទំនាក់ទំនង៖ 012 766 364

–  លោក អ៊ុល វ៉ាន់  ប្រធានសមាគមបណ្តាញយុវជនកម្ពុជា ទំនាក់ទំនង៖ 093 913 011 

– លោក ទឹម ម៉ាឡៃ  ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ទំនាក់ទំនង៖ 017 990 689

ស្ថាប័នគាំទ្រសេចក្តីថ្លែងការណ៍៖

១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)

២. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)

៣. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)

៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៥. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

​៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៧. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA)

៨. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

១០. សហភាពផ្ទះសាមគ្គី (SH)

១១. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១២. ក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)

១៣. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Cambodia)

១៤. អង្គការកម្មវិធិអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១៥. អង្គការសមធម៌កម្ពុជា (EC)

១៦. អង្គការយុវជនសន្តិភាព (YFP)

១៧. ក្លឹបមិត្តអ្នកអានសៀវភៅ (FRC)

១៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ (LRSU)

១៩. សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា (NIFTUC)

២០. អង្គការសមាគមធាងត្នោត (STT)

២១. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO)

ទាញយកសេចក្តីថ្លែងការ៖ សេចក្តីថ្លែងការជាភាសាខ្មែរ