News & Events

វគ្គបណ្តុះបណ្តាលស្តីពីការបំប្លែង និងដោះស្រាយទំនាស់ នៅរាជធានីភ្នំពេញ

ដើម្បីរួមចំណែកពង្រឹងសមត្ថភាពយុវជនលើការយល់ដឹងពីទំនាស់ ការវិភាគពីមូលហេតុ និងផលប៉ះពាល់នៃទំនាស់ ជាពិសេស ជំរុញឱ្យយុវជនចូលរួមការដោះស្រាយទំនាស់ហិង្សាគ្រប់ទម្រង់ដោយសន្តិវិធីសម្រាប់ការផ្លាស់ប្តូរសង្គមជាវិជ្ជមាន វគ្គបណ្តុះបណ្តាលស្តីពីការបំប្លែង និងដោះស្រាយទំនាស់ ត្រូវបានរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)​ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ១០ និង ៦ ដល់១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១។  ក្នុងរយៈពេលដ៏ខ្លីនេះ យុវជនបានសិក្សាទាំងទ្រឹស្តី និងការចុះរៀនសូត្រពីបញ្ហានៅសហគមន៍ ដែលរួមបញ្ចូលសកម្មភាពជាច្រើនឱ្យយុវជនឆ្លុះបញ្ចាំងពីទំនាស់ ហិង្សាក្នុងសង្គម ជាពិសេសបានឈ្វេងយល់ពីមូលហេតុ ផលប៉ះពាល់នៃទំនាស់ហិង្សា ដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រព័ន្ធនៃសង្គមដែលវាបានជះឥទ្ធិពលអាក្រក់ដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិ។ លើសពីនេះ វគ្គបានបើកផ្លូវឱ្យយុវជនចាប់ផ្តើមគិត វិភាគ និងស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយទំនាស់ និងទប់ស្កាត់ហិង្សាគ្រប់ទម្រង់ ដោយរៀនជជែក ចរចា និងសម្រុះសម្រួលក្នុងការដោះស្រាយបញ្ហាដោយផ្តោតលើផលប្រយោជន៍រួម។

ក្រោយពីបានបញ្ចប់ការសិក្សាទាំងទ្រឹស្តី និងចុះរៀនសូត្រពីបញ្ហាក្នុងសហគមន៍ យុវជនបានយល់ដឹងកាន់តែប្រសើរអំពីមូលហេតុ និងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោលនៃទំនាស់ ហិង្សាដែលចាក់ស្រេះក្នុងសង្គម។ ជាពិសេស ពួកគេចាប់ផ្តើមចេះរៀនវិភាគ ពីឫសគល់នៃបញ្ហាក្នុងសង្គម និងរៀនកែប្រែអត្តចរិតខ្លួនឯង គ្រប់គ្រងកំហឹង ហើយស្វែងរកច្រក និងវិធីដោះស្រាយទំនាស់ដោយកាត់បន្ថយនូវឥរិយាបថហិង្សាដែលធ្លាប់ប្រព្រឹត្ត។ បន្ថែមលើនេះ យុវជនបានលើកឡើងថា ពួកគាត់នឹងចូលរួមកែប្រែខ្លួនឯង និងកែប្រែប្រព័ន្ធសង្គមដែលមានលក្ខណៈហិង្សាដោយផ្ទាល់ និងប្រយោលដូចជាលុបបំបាត់អំពើអយុត្តិធម៌ ដើម្បីសង្គមជាតិទទួលបាននូវសន្តិភាពវិជ្ជមាន ។ ជាក់ស្តែង យុវតី ស៊ន ចាន់ណា បានលើកឡើងថា គាត់មិនដែលគ្រប់គ្រងកំហឹងខ្លួនឯងទេ ពេលគាត់មានទំនាស់ជាមួយអ្នកដទៃ ប៉ុន្តែក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល គាត់ចាប់ផ្តើមទទួលស្គាល់ថាកំហឹង មិនល្អ និងចេះគ្រប់គ្រងកំហឹងខ្លួនឯង មុននឹងស្វែងរកដំណោះស្រាយជាមួយភាគីទំនាស់។

One thought on “វគ្គបណ្តុះបណ្តាលស្តីពីការបំប្លែង និងដោះស្រាយទំនាស់ នៅរាជធានីភ្នំពេញ”

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.